យុវជនកម្ពុជា និង បដិវត្តឧស្សាហកម្ម៤.០ ក្នុងកំឡុងកូវីដ-19

0
3327

ខណៈពេលដែលសេដ្ឋកិច្ចសកលកំពុងស្ថិតក្រោមឥទ្ធិពលនៃបច្ចេកវិទ្យាឌីជីថល ការមកដល់នៃឧស្សាហកម្ម​ ៤.០ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងពិភពលោក។ អ្វីដែលកាន់តែរំជើបរំជួលទៅទៀតនោះ វិបត្តិពិភពលោក​ (កូវីដ-19) បានផ្ទុះឡើងកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ដែលបានធ្វើអោយ បច្ចេកវិទ្យាឌីជីថលកាន់តែក្លាយជាតម្រូវការយ៉ាងខ្លាំងក្នុងឆ្នាំ ២០២០នេះ ដូចជា៖ តម្រូវការបង្កើត App កម្ម៉ង់ទំនិញ សេវាដឹកជញ្ជូន App តាមដានសុខភាពជាដើម ការបណ្តុះបណ្តាលប្រើកម្មវិធី Conference Call (Google Meet, Zoom..etc) សម្រាប់កិច្ចប្រជុំ រៀនអនឡាញ។ល។

មុនពេលកូវីដមកដល់បណ្តាប្រទេសអាស៊ានបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរកំណែទម្រង់មកឌីជីថល ដើម្បីបង្កើនកំណើនសេដ្ឋកិច្ច និង ភាពប្រកួតប្រជែងរៀងៗខ្លួន​ ហើយបានបង្កើតជាសហគមន៍ឌីជីថលអាស៊ានរួមមួយ។  ចំណែកកម្ពុជាយើង​បាននឹងកំពុងជំរុញសន្ទុះនៃការត្រៀមខ្លួនចំពោះបញ្ហាប្រឈម និង ការចាប់យកឱកាសពីឧស្សាហកម្ម ៤.០ នេះ ដូច្នេះយុវជនត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជា ជាពិសេសនៅខណៈពេលនេះ ជាពេលដែលកូវីដ-19 កំពុងវាយលុក។

អាន៖ អ្វីទៅជាឧស្សាហ៍កម្ម ៤.០?

យោងតាមរបាយការណ៍ពីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល CIA (Central Intelligence Agency) នៃទីភ្នាក់ងារព័ត៌មានពិភពលោក (World Factbook) បានអោយដឹងថា៖ កម្ពុជាជាប្រទេសដែលមានយុវជនច្រើនជាងគេនៅក្នុងបណ្តាប្រទេសអាស៊ាន គឺដល់ទៅ ៤១.១ ភាគរយ នៃប្រជាជនសរុប ដែលពេលនេះកំពុងមានបញ្ហាប្រឈមអំពីទេពកោសល្យ និង ជំនាញដែលជាតម្រូវការក្នុងបដិវត្តឧស្សាហកម្មទី ៤.០ ។

នេះជាបញ្ហាប្រឈមក្នុងចំណោមបញ្ហាជាច្រើនសម្រាប់អាស៊ាន ក្នុងការផ្លាស់ប្តូរឌីជីថលរូបនីយកម្ម និង បច្ចេកវិទ្យាទំនើប។ ឧបសគ្គរួមមួយដែលកំពុងរារាំងដល់ការកសាងសេដ្ឋកិច្ចឌីជីថលគឺ កង្វះខាតកម្លាំងការងារជំនាញដែលប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពប្រកួតប្រជែងរបស់អាស៊ានក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានបូកផ្សំនិងការបាក់ទឹកចិត្តរបស់យុវជនមួយចំនួនដែលកំពុងប្រឈមនឹងបញ្ហាបាត់បង់ការងារក្នុងរយៈពេលដែលពិភពលោកមានអាសន្នផ្ទុះមេរោគកូរ៉ូណា។

ដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហាទាំងនេះ យុវជនកម្ពុជាគួរនាំគ្នាក្តោបក្តាប់ឱកាសរៀនសូត្រ អោយបានល្អិតល្អន់ និង ស្វែងរកព័ត៌មានពាក់ព័ន្ធអំពីយុគ្គសម័យឌីជីថល និងឧស្សាហ៍កម្ម ៤.០ អោយបានច្រើន ដើម្បីបញ្ចៀសពីបញ្ហាអក្ខរកម្មឌីជីថលក៏ដូចជារួមចំណែកពង្រីកសក្តានុពលកសាង លើកកំពស់អោយខ្លាំងក្លាទៅលើការ
បណ្តុះបណ្តាលធនធានមនុស្ស ឬបង្កើតសមាគមន៍ប្រមូលផ្តុំក្នុងតំបន់ និងពង្រីកវិសាលភាពអោយកាន់តែធំ ពីព្រោះក្នុងពេលអនាគតដ៏ខ្លី ពិភពលោកនឹងផ្លាស់ប្តូរទៅជាយុគ្គសម័យទំនើបដោយប្រើប្រាស់​បច្ចេកវិទ្យា (AI) ជំនួសអោយការប្រើប្រាស់មនុស្សហើយអ្នកនឹងពុំមានការងារធ្វើឡើយប្រសិនបើអ្នកមិនខំប្រឹងប្រែង
អភិវឌ្ឍជំនាញ ហើយរត់តាមបដិវត្តឧស្សាហ៍កម្ម។

ប្រភព៖ The ASEAN Post, Cambodia Development Center, RFI, Khmer Times 

LEAVE A REPLY

Please enter your comment!
Please enter your name here